ប្រវត្តិនិងរឿងអ្នកតាឃ្លាំងមឿង
៙ សេចក្ដីផ្ដើម
តាមទំនៀមទម្លាប់នៃជនជាតិខ្មែរគ្រប់ទិសទីទាំងអស់នៃដែនដីមិនថានៅលើអាកាស ក្នុងដី លើដី ក្នុងទឹកឬបាតសមុទ្រទេ សុទ្ធសឹងតែមានទេវភូត ឬអ្នកតាបីបាច់ថែរក្សា ។ដូចយើងបានឃើញរួចហើយថា អ្នកតាខ្លះមានប្រភពចេញពីឥណ្ឌាដូចករណីព្រះគនេសជាដើម តែខ្លះទៀតគឺជាដូនតាដែលបានចែកឋានទៅដោយប្រការណាមួយ ហើយបន្ទាប់មកក៏បានក្លាយទៅជាអ្នកតាចាស់ស្រុកដូចករណីអ្នកតាឃ្លាំងមឿងជាដើម ។
សូមរំលឹកថា ពាក្យឃ្លាំងមឿងបានមកពីពាក្យ“ក្លាង”ដែលជាភាសាសៀម ហើយប្រែថា “កណ្ដាល” និងពាក្យ“មឿង”ប្រែថា “ស្រុក ឬ ក្រុង” ។កម្ចីពាក្យទាំងពីរម៉ាត់ខាងលើនេះ អាចចាត់ទុកថាជាស្លាកស្នាមនៃទំនាក់ទំនងរវាងជនជាតិខ្មែរ និងសៀម នាសម័យក្រោយអង្គរដែលធ្វើឲ្យយើងអាចសន្និដ្ឋានបានថាកាលពីអតីតកាលក្នុងសម័យនោះមានវត្តមានរបស់ពួកសៀម នៅក្នុងខេត្តពោធិសាត់ ។
ម្យ៉ាងវិញទៀត គួរសម្គាល់ផងដែរថា ការគោរពបូជាអ្នកតាឃ្លាំងមឿងដែលបានប្រារព្ធឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យជេដ្ឋានៅសតវត្សទី១៦ និងបានបន្ដរហូតដល់បច្ចុប្បន្ន មិនទាន់សាបរលាបនៅឡើយព្រោះអ្នកស្រុកជឿថា អ្នកតាឃ្លាំងមឿងសក្ដិសិទ្ធជាងអ្នកតាដទៃៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះទៀតអ្នកតារូបនេះគឺជាមហាបុរសខ្មែរ ដែលសុខចិត្តពលីជីវិតតែមិនព្រមចុះញ៉មទ័ពសៀមឡើយ ។
ក. អ្នកតាឃ្លាំងមឿង
ទីកន្លែងអ្នកតាជាទីរហោស្ថានមានរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញបែកមែកសាខាមានម្លប់ត្រឈៃគួរឲ្យសប្បាយរីករាយត្រជាក់អស្ចារ្យហើយមានសត្វបក្សីបក្សាកញ្ច្រៀវប្រចឹកគ្នាលើមែកព្រឹក្សាឮសូរសំឡេងទ្រហឹង។ក្រៅពីរុក្ខជាតិមានរាងប្រទាក់ជុំវិញបើមើលពីចម្ងាយទៅឃើញរុក្ខជាតិត្រគមត្រកូលខ្មួលខ្មាញ់ហាក់ដាច់ស្រយ៉ាលអំពីភូមិស្រុកណាស់។ក្នុងចំណោមដើមឈើទាំងអស់នៅទីនោះមានដើមសំរោងដុះចំពីមុខអាស្រមខ្ពស់ធំជាងឈើឯទៀត។ចម្ងាយពីសាលាខេត្តពោធិសាត់ទៅទីអ្នកតានោះមានចំងាយប្រមាណជា ៦គីឡូម៉ែត្រមានថ្នល់ចេញពីសាលាខេត្តត្រង់ទៅទិសខាងលិចប្រហែលជា២គីឡូម៉ែត្រ។ដល់ទីនោះយើងបែរទៅត្បូងកាត់ផ្លូវរទេះភ្លើងដល់ឃាបាក់នឹម បែរទៅទិសខាងលិច ដល់ភូមិព្រែកជីកឡើងពីព្រែកជីកគេចទៅកាន់ទិសខាងជើងគឺដល់ទីកន្លែងអ្នកតាហើយ។
ខាងត្បូងអាស្រមអ្នកតា មានទីវាលទំនេរចន្លោះដើមរុក្ខជាតិ បណ្ដោយ៦០ម៉ែត្រ ទទឹង៤០ម៉ែត្រ ជាទីសម្រាប់ទុកធ្វើរោង។អាស្រមធ្វើដោយគ្រឿងឈើប្រក់ស្បូវបណ្ដោយ៨ម៉ែត្រ ទទឹង៤ម៉ែត្រកំពស់៤ម៉ែត្រ សសរមូលមិនមានជញ្ជាំងបិទបាំងទេ ។ជុំវិញអាស្រមមានទីវាល៤ ម៉ែត្រ ជាទីទុកបម្រុងដល់ពេលឡើងអ្នកតាសំរាប់ឲ្យពួកអ្នកទៅចូលរួមដើរប្រទក្សិណ។ខាងក្រៅទីវាលមានរបងធ្វើដោយឈើខ្លឹមជុំវិញ មានតែផ្លូវសម្រាប់ចូលពីខាងកើត និងខាងត្បូង ។ក្នុងអាស្រមខាងមុខតួអ្នកតាមានរានមាំធ្វើដោយឈើជាទីសម្រាប់ដាក់ដង្វាយថ្វាយអ្នកតាបណ្ដោយ៣ម៉ែត្រ ទទឹង២ម៉ែត្រ កំពស់៥ម៉ែត្រ ខាងជើង និងខាងត្បូងតួអ្នកតាមានបង្កាន់ដៃធ្វើអំពីឈើដែរ ។
តួអ្នកតាមិនមានរូបរាងបែបភាពជាឈើជ្រុងទេ គឺជាតួដំបូកសុទ្ធៗដែលសត្វកណ្ដៀវាពូនឡើងសន្មតថាជាតួអ្នកតា ទំហំបណ្ដោយ២ម៉ែត្រទទឹង១ម៉ែត្រ កំពស់២ម៉ែត្រ ទីបំផុតដំបូកមានសណ្ឋានស្រូចៗបែកចេញជា៤-៥ មើលទៅហាក់ដូចជាកំពូលនគរវត្ត ។ កំពូលដីដំបូកដែលជាតួអ្នកតានេះអ្នកស្រុកគេសំគាល់ថា បើមានសត្វកណ្ដៀពូនឡើងថ្មីទៀតសន្មតថាចៅហ្វាយខេត្ត ឬចៅហ្វាយស្រុក នៅខេត្ត ស្រុកនោះនឹងផ្លាស់ចេញឬខូចបុណ្យសក្ដិ (ដីដំបូកនេះមិនដឹងកើតពីត្រឹមរាជ្យណាអ្នកស្រុកក៏ពុំមានអ្នកណាដឹងបាន) ។
-ពិធីបុណ្យឡើងអ្នកតា
បុណ្យនេះជាបុណ្យទំនៀមទម្លាប់របស់អ្នកស្រុក មន្ត្រីរាជការសាលាខេត្ត សាលាស្រុកជាប់យូរមកហើយ។គេតែងធ្វើតែរាល់ៗឆ្នាំក្នុងខែវស្សា ថ្ងៃសៅរ៍ តែមិនកំណត់ខ្នើតឬរនោចទេ ។គេរើសយកថ្ងៃសៅរ៍ហើយពេលធ្វើលុះណាតែមានសេចក្ដីបង្គាប់អំពីចៅហ្វាយស្រុកបាកានប្រាប់ទៅមេឃុំ មេស្មឹង និងអាចារ្យវត្ត បណ្ដារាស្ត្រឲ្យដឹងជាមុនដើម្បីមកជួបជុំគ្នាធ្វើរោងក្រសាល សម្រាប់ព្រះសង្ឃនិងអស់លោកចៅហ្វាយខេត្ត ចៅហ្វាយស្រុកនឹងរៀបចំទីកន្លែងបោសច្រាសឲ្យស្អាតល្អ ។ ទំនៀមទម្លាប់នេះជាប្រវេណីជាសណ្ដាប់របស់អ្នកស្រុក ។
ថ្ងៃ១៨ ខែមិថុនា (យូវាំង)ឆ្នាំ១៩៤៩ ពិធីបុណ្យគ្រាន់តែជួបជុំមេឃុំទាំងអស់ និងមេស្មឹងអាចារ្យវត្ត និងបណ្ដារាស្ត្រនៅទីកន្លែងអ្នកតា ។ម៉ោង ៦មេស្មឹងអុជទៀនធូបទៅជំរាបអ្នកតាថាថ្ងៃនេះយើងខ្ញុំជាកូនចៅមកជួបជុំគ្នាធ្វើបុណ្យនៅទីនេះធ្វើបុណ្យកុសលជូនលោកតាសុំឲ្យសុខសប្បាយ រួចលេងភ្លេងថ្វាយគឺភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេងត្រពាំងពាយតាមធម្មតាឮសូរភ្លេងទ្រហឹងអឺងកងរំពងព្រៃ មនុស្សចាស់-ក្មេង រទេះគោរទេះក្របី មកពីស្រុកឆ្ងាយៗជួបជុំគ្នាមីដេរដាសពាសពេញនៅទីនោះ។ម៉ោង៩យប់ ជួបជុំគ្នាសូត្រធម៌នមស្ការថ្វាយបង្គំព្រះ រួចនិមន្តព្រះសង្ឃអំពីវត្តពោធិបន្ទូល ១០ អង្គមកចំរើនបរិត្ត ។ចប់លោកសូត្រពួកឧបាសកសូត្រឧទ្ទិសផលតែប៉ុណ្ណោះ ។
ព្រឹកឡើងថ្ងៃអាទិត្យទី១៩ ខែឆ្នាំដដែល ម៉ោង ៨ កន្លះពួករាជការសាលាខេត្ត សាលាស្រុកគ្រប់តំណែងអញ្ជើញទៅដោយរថយន្តជួបជុំគ្នានៅទីកន្លែងនោះចូលទៅឈរនៅខាងត្បូងអ្នកតាមេស្មឹងអុជទៀនធូបជូនអស់លោកដោតថ្វាយអ្នកតាដោយសេចក្ដីគោរព។មេស្មឹងបង្គាប់ឲ្យលើកគ្រឿងដង្វាយមករៀបនៅរានមុខអ្នកតា ។
ដង្វាយអ្នកតាគឺ ៖
១. កន្ទេលក្រហមខ្នើយ
២. សំពត់ក្រាលពីលើ
៣. ស្លាធម៌ដូង១គូ ដោតម្លូ៥ ស្លា៥ ធូប៣ដើម ទៀន១ដើម
៤. ក្បាលជ្រូក១គូ មានទាំងកន្ទុយដាក់នៅមាត់
៥. ផ្ដិលទឹកអប់១គូ មានស្ទន្ដ
៦. ជើងពានស្លាបារី១គូ
៧. ដបស្រា១គូ មានទាំងពែង
៨. ចេកនួន២ ស្និតដាក់តម្កល់លើចានទាប
៩. បង្អែម២ស្ពក
១០. ចម្អាប២ស្ពក
១១. កន្ទោងស្លឹកចេក១គូ
១២. មាន់ស្ងោ១គូ
១៣. ស្នែងសត្វទន្សោង១គូ
រណ្ដាប់ដង្វាយទាំង១៣មុខនេះ មានគូគ្រប់ទាំងអស់ហើយរៀបដាក់ឆ្វេង-ស្ដាំ ។ដង្វាយក្រៅពីដង្វាយទាំង ១៣ មុខនេះជាដង្វាយសាធារ ដែលអ្នកស្រុកយកទៅ មានទាំងបាយថែមទៀតពោលគឺបរិបូណ៌ពេញត្រៀបត្រា នៅលើរាននោះ។គេអុជទៀនធូបចែកគ្នាកាន់ដើរហែរប្រទក្សិណ ៣ ជុំទីអាស្រមអ្នកតាជាការគោរពចំពោះអ្នកតា នឹកដល់គុណលោកឧកញ៉ាសេនាបតីមឿង(អ្នកស្រុកសន្មតហៅថា អ្នកតាឃ្លាំងមឿង) ដែលស៊ូប្តូរជីវិតយកឈាមក្រាលផែនដីតាំងពីកាលស.តទី១៥-១៦និងមានកេរ្តិ៍ឈ្មោះដរាបមកដល់សព្វថ្ងៃនេះ ។ មានមនុស្ស ២នាក់សម្រាប់ពាក់ស្នែងសត្វទន្សោងតែងតួស្លៀកសំពត់ផាមួងចងក្បិនខ្លួនទទេ រើសរករូបរាងមាំប៉ុនគ្នាមាន២នាក់ធ្វើព្រានព្រៃម្នាក់ស្ពាយកាំភ្លើងមា្នក់ស្ពាយបាយសំណុំដើរតាមពីក្រោយ ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងសត្វទន្សោងដែរ ។លុះហែរ៣ជុំរួចហើយគេលេងភ្លេងរាំស្នែងទន្សោង (ភ្លេងនោះឈ្មោះភ្លេងភ្លាំង)ដោយអ្នករាំចាប់ពាក់ស្នែងក្រាបថ្វាយបង្គំអ្នកតា៣ ដងឡើងរាំបែរឆ្វេងរៀងខ្លួនមកជួបគ្នាក្រាបដាក់គ្នាម្ដង ដល់គំរប់ ៣ដង វានឹងអួតរកគ្នាជល់គ្នាដូចសត្វមែនៗព្រានព្រៃដើររកស្នាមជើងសត្វទន្សោង ដើរងើបឱនៗ រកតាមបាញ់, មនុស្សឈរមើលពេញទីវាលនៅមុខអាស្រម ។
ទំនុកច្រៀង ៖
១. បងដើរព្រៃស្តុក បងរុកព្រៃស្បាតៗ
ដើរកាត់ព្រៃព្រាត លេចវាលចូលព្រៃ ។
២. ឡើងភ្នំចុះភ្នំថ្មដាធំៗ ល្បាស់ព្រេចលាស់ខ្ចីៗ
ទន្សោងគោបាគ្រៀងញីឃ្មាតឃ្មីៗលាស់ព្រេច
លាស់ខ្ចីស្រណោះខែពិសាធៗ ។
៣. កន្ដ្រែសៗហើយអន្សោងបា លេបប្រលាជើងភ្នំ
លេបក្រមុំទាំងមូលៗ ។
៤. ជំនោរខ្យល់បក់ត្រជាក់ខ្យល់ជូន កាប់ឫស្សីចងក្បូន
ជូនប្អូនទៅស្រុកៗ ។
៥. កន្សែងបងបាត់បងមិនស្តាយ បំណាច់ប្អូនឃ្លាតឆ្ងាយ
បងស្តាយតែប្អូនស្រីៗ ។
ពួកអ្នកភ្លេងច្រៀងដរាប ដល់ព្រានទាំងពីរនាក់ឃើញសត្វទន្សោងជល់គ្នាជាប់ក្រាបរៀងខ្លួន លបបាញ់បានទើបដោះយកសែ្នងសត្វទន្សោងទាំងពីរទៅតម្កល់នៅកនែ្លងដើមវិញ (លេងកន្លះម៉ោងចប់)។មេស្មឹងចាប់គ្រឿងដង្វាយគ្រប់មុខដាក់កន្ទោង ចាក់ស្រា ដោតធូប ៣ដើម និយាយបួងសួងថាថ្ងៃនេះជាថ្ងៃពេលាល្អមកជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសលចំពោះលោកតាមឿង ដែលមានគុណចំពោះស្រុកខ្មែរ សូមលោកតាឲ្យពរសព្វសាធុការឲ្យប្រទេសកម្ពុជាបានសុខសប្បាយសូមឲ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូងសោយសេចក្ដីសុខក្នុងរាជ្យសម្បត្ដិ នឹងរាជការក្រោមអំណាចព្រះករុណាជាម្ចាស់ជីវិតទាំងអស់ក្នុងប្រទេសកម្ពុជា សុខសប្បាយអស់កាលជាអង្វែងរៀងទៅសូមឲ្យទឹកភ្លៀងបង្អុរហូរចុះសព្វផែនដីប្រទេសកម្ពុជា ។
បួងសួង ៣ ដង យកកន្ទោងទៅដាក់ក្រោមដើមសំរោងនៅមុខអាស្រម ។រួចលើកគ្រឿងដង្វាយទាំងអស់ចេញ ។ និមន្តព្រះសង្ឃ ៥ អង្គរមកបង្សុកូលសូត្រធម៌អនិច្ចា ពួកឧបាសក សូត្រឧទ្ទិសផលមេស្មឹងយកទឹកអប់បាចទៅលើដីដំបូកដែលជាតួអ្នកតានិងពួករាជការចៅហ្វាយខេត្ត ចៅហ្វាយស្រុកនិងរាជការតូចធំគ្រប់តំណែងបាចទឹកមួយផ្ដិលៗម្នាក់រួចអញ្ជើញទៅរាប់បាត្រនៅរានមុខរោងព្រះសង្ឃព្រះសង្ឃសូត្រធម៌ពុទ្ធជ័យ(ពាហុំ) យថា ពួកអស់លោកនិងបណ្ដារាស្ត្រទាំងអស់សូត្រធម៌ឧទ្ទិសដល់ ។ថ្វាយចង្ហាន់ព្រះសង្ឃជាការស្រេច ។
ម៉ោង ១១ រៀបភោជនាហាររសៀលពួកអស់លោកសាលាខេត្ត សាលាស្រុក តូចធំ គ្រប់តំណែងរួមសប្បាយមានលេងភ្លេងត្រពាំងពាយប្រុសស្រីច្រៀងតគ្នាជូនអស់លោកក្រសាលដល់ម៉ោង ១២ ជាការបង្ហើយកិច្ច។
ទំនៀមភ្លេងលេងពាក់ស្នែងសត្វទន្សោងនិងពាក់កន្ទុយសត្វក្ងោក មានសេចក្ដីតំណាលថាក្នុងកាលដ៏យូរកន្លងមកហើយ (សករាជ និងរាជណាមិនដឹង) មានដើមឈើ ១ដើមនៅក្នុងស្រុកពោធិសាត់ ។ថ្ងៃមួយព្រានព្រៃ ២ នាក់មានឈ្មោះមិនប្រាកដ នាំគ្នាចូលព្រៃដើម្បីបរបាញ់សត្វជារបរអ្នកព្រានព្រៃលុះចូលទៅទីនោះឮសូរសំឡេងសត្វកន្លង់ពិរោះហាក់ដូចជាសូរសំឡេងភេ្លងតូរ្យតន្ត្រីលាន់ឮរងំដូចជា ទ្រស្រដៀងប៉ី ឃើញសត្វទន្សោងមួយគូលោតក្រឆេងក្រឆាងប្រលែងជល់គ្នាដូចជារាំមានសត្វខ្លាមួយគូក្រាបនៅទីនោះ កន្ទុយវាហាក់ដូចជាគេវាយស្គរមានសត្វក្ងោក ១ គូចំអេនស្លាបបើកកន្ទុយលោតចុះលោតឡើងហាក់ដូចជាគេចាក់ផ្លក់ក្បាច់ ។ព្រានព្រៃទាំងពីរនាក់លាន់មាត់ថា ឱហ្ន៎សត្វទាំងអស់ប្លែកចំឡែកអស្ចារ្យសូរសំឡេងសត្វកន្លង់ដូចសំឡេងតូរ្យតន្ត្រី សត្វទន្សោងនិងសត្វក្ងោកដូចជារាំចាក់ក្បាច់សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរតាមយើងត្រូវប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងអស់នេះទុកជាកេរ្ដិ៍ទៅឲ្យកូនចៅទៅខាងក្រោយ› ។
ខ. ប្រវត្តិអ្នកតាឃ្លាំងមឿង
“ ក្នុងអតីតកាលកន្លងទៅ ក្នុងរាជព្រះចន្ទរាជាស្តេចគង់នៅបន្ទាយល្វែក គ.ស១៥០០កាលនោះស្រុកខ្មែរជាចំណុះសៀមនៅឡើយ នាំសួយឡើងទៅស្រុកសៀមព្រះចៅស្រុកសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រាកដឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវ ធ្វើការត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាងក្រែងស្តេចស្រុកខ្មែរមានចិត្តមិនត្រង់ បំបាត់សួយនាំទៅមិនអស់ឬក្រែងស្តេចស្រុកខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់ដោយការរាជការ ឬដោយឧបាយណាមួយបានជាទ្រង់ចាត់ព្រះរាជបុត្រពេញព្រះទ័យមកនៅ ដើម្បីជំនួសព្រះអង្គចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វត្មាតមួយសត្វនោះមានមាយាទចេះដឹងប្រហែលគ្នានឹងមនុស្សជាសត្វខុសអំពីសត្វឯទៀតចេះស្រឡាញ់ម្ចាស់ប្រើនាំសារទៅមកពីស្រុកខ្មែរទៅស្រុកសៀមបានដោយការសម្ងាត់ ។
ថ្ងៃមួយព្រះបាទចន្ទរាជាដេកតូចព្រះហឫទ័យទៅដល់ព្រះចៅហេតុអ្វីបានជាលោកមិនទុកព្រះហឫទ័យនឹងយើងហើយចាត់ព្រះរាជបុត្រឲ្យមកមើលការណាមួយព្រះរាជបុត្រក៏មានសេចក្ដីរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែងបង្គាប់ឲ្យនាំសួយឡើងទៅស្រុកហួសហេតុ ។នឹកតូចព្រះហឫទ័យខ្លាំងអត់ទ្រាំពុំបានក៏បង្គាប់ពេជ្ឈឃាតឲ្យចាប់ព្រះរាជបុត្រយកទៅសម្លាប់ក្នុងពេលយប់ក្នុងព្រៃ។ឯសត្វត្មាតលុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាវាហើររក ហើរចុះហើរឡើងឃើញខ្មោចនៅក្នុងព្រៃត្មាតឃើញព្រះទម្រង់វាស្គាល់ច្បាស់ជាម្ចាស់វាក៏ចឹកពាំយកព្រះទម្រង់ទៅស្រុកសៀម ថ្វាយព្រះវរបិតាព្រះចៅទ្រង់ឃើញព្រះទម្រង់ដែលត្មាតពាំទៅថ្វាយទ្រង់យល់ថាព្រះរាជបុត្ររបស់លោកចូលទីវង្គត់រឿងនេះពិតជាស្តេចស្រុកខ្មែរសម្លាប់ ទ្រង់ក្រោធខ្លាំងប្រជុំពួកសេនាបតីមានព្រះបន្ទូលតាមរឿងដែលយល់បង្គាប់ឲ្យលើកកងទ័ពមកសងសឹកស្តេចស្រុកខ្មែរវិញ ។
ទ្រង់មានព្រះបន្ទូលថា ត្រូវតែសម្លាប់ព្រះចន្ទរាជាព្រះទាំងញាតិសាច់សារលោហិត និងសេនាបតី ហើយរឹបយកព្រះរាជទ្រព្យនិងពួកបណ្តារាស្ត្រយកមកស្រុកសៀមទាំងអស់។លុះមានព្រះបន្ទូលសព្វគ្រប់ ពួកកងទ័ពចេញមកដល់បន្ទាយល្វែកចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់ ព្រមទាំងព្រះញាតិចំណែកឯនាងអគ្គមហេសី ប៉ែនទ្រង់ក៏ភៀសខ្លួនគេចរួចអំពីសេចក្តីគ្រោះថ្នាក់ ជាមួយសេនាបតី មឿងព្រមទាំងភរិយានិងបុត្រ៤នាក់ ។ពួកកងទ័ពសៀមកៀរយកមនុស្សអំពីស្រុកខ្មែរ ដោយទាំងនាងមហេសី ប៉ែនទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណ។ចំណែកមេដំរីសមួយមានកូននៅក្នុងពោះឈ្មោះ ជំទាវ ប៉ាលប៉ៃជាព្រះទីនាំងដ៏ប្រសើរក៏ត្រូវកងទ័ពសៀមយកទៅពួកសៀមជាន់នោះមានសេចក្តីព្យាបាទ ធ្វើបាបខ្មែរអាស្ចារ្យណាស់ចាប់ដោតស្លឹកត្រចៀកដឹកយកទៅដូចជាសត្វ។ស្រីណាមានកូនខ្ចីចាប់ច្រកការ៉ុងឲ្យដំរីជាន់វាលែងតែមានកូននៅក្នុងពោះ ។លុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសព្វគ្រប់ដោយសេចក្តីសងសឹកបានសម្រេចដូចប្រាថ្នាព្រះចៅបង្គាប់ឲ្យអូសយកពួកខ្មែរទាំងអស់ឲ្យនៅមួយក្រុមនៅជិតក្រុងដែរ សន្មតឲ្យឈ្មោះជាខ្មែរអ្នកគ្រួរ ។
អគ្គមហេសីប៉ែន ជាស្ត្រីមានបុណ្យ ទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមកៀរយកទៅយ៉ាងណឹងក៏ដោយ នាងជាស្ត្រីប្លែកពីស្ត្រីឯទៀតៗ។ដោយអំណាចកូនដែលនៅក្នុងគ័ភ ជាកូនមានឥទ្ធិរិទ្ធមានអនុភាពមានបុណ្យបណ្តាឲ្យអ្នកជិតខាងផង មានចិត្តទៅចង់រាប់អានស្រឡាញ់ជួយអនុគ្រោះដោយការចិញ្ចឹមជីវិត ជួយយកអាសារមើលថែទាំរក្សាគ្រប់យ៉ាងលុះនាងមានគ័ភគ្រប់១០ខែ ក៏ប្រសូតកូនមកដោយសុខសប្បាយអ្នកជិតខាងទាំងប្រុសទាំងស្រី ជួយថែទាំទឹកក្តៅទឹកត្រជាក់អ្នកណាក៏មកមិនមានខាន ដោយអំណាចនៃគុណបុណ្យតេជៈបារមីនៃទារកជាអ្នកមានបុណ្យ ដល់ថ្ងៃជាគំរប់ពួកក្រុមញាតិឲ្យឈ្មោះ ឧទេន ។
ចំណែកមេដំរីសដែលជាព្រះទីនាំងក៏កើតកូនក្នុងថ្ងៃដំណាលគ្នាដែរតែមេដំរីនោះដោះខ្សែត្រលឹងទៅកើតកូននៅក្នុងព្រៃមិនឲ្យអ្នកណាមួយដឹងបានឡើយដរាបដល់៣ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមកូនដំរីនោះមានពណ៌សំបុរសដែរមានទាំងរូបរាងល្អប្លែកអំពីដំរីធម្មតាអ្នករក្សាដំរីនាំរឿងរ៉ាវទៅថ្វាយព្រះចៅដោយសេចក្តីសព្វគ្រប់ព្រះចៅទ្រង់ពេញព្រះហឫទ័យ ។
ដំណាលអំពីកុមារ ឧទេនអាយុបាន៥ឆ្នាំដឹងសេចក្តីខុសត្រូវនឹកភ្នកដល់បិតាសួរម្តាយថាអាពុកខ្ញុំទៅណាពុំដែលឃើញក្មេងគេឯទៀតមានម្តាយមានឪពុក ខ្ញុំមិនឃើញមានដូចគេម្តាយបើកាលណាឮកូនសួរដូច្នេះនាងណែនទ្រូងនឹកឆ្អែតចិត្តនឹកខ្មោចនិយាយប្រាប់កូនមិនរួចនិយាយបន្លប់រៀងវៀលទៅឯណា កុំឲ្យកូនសួរទៀតពីព្រោះខ្លាចរឿងនោះមិនជិតដឹងទូទៅ នឹងដល់ទៅសេចក្តីអន្តរាយដល់ជីវិត ។កូនចេះសួរញយៗនាងក៏និយាយបង្វះបង្វែមិនឲ្យកូនសួរបានដរាបកូននោះអាយុ១២ម្តាយអត់ទ្រាំពុំបានថ្ងៃមួយម្តាយនឹកថាកូននេះខានប្រាប់ពុំបានក៏ហៅកូនទៅកាន់ទីស្ងាត់ដំណាលរឿងរ៉ាវសារស័ព្ទតាំងអំពីដើមរហូតដល់ចុង កូនស្តាប់បានយល់សេចក្តីសព្វគ្រប់ ប្រាប់ម្តាយថាលោកម្តាយអត់ទ្រាំសិនចុះកូនគង់មាននយោបាយណាមួយមិនខាន ។ចំណែកកុមារ ឧទេនចាប់ដើមតាំងពីថ្ងៃដែលស្តាប់ពាក្យម្តាយប្រាប់ដូច្នេះក៏ខំស្វែងរកវិជ្ជាគ្រប់យ៉ាងមានអក្សរជាដើម ស្ទាត់ជំនាញជាកុមារឆ្លាតវៀងវៃអង់អាចប្លែកពីកុមារធម្មតា ។
ថ្ងៃមួយកុមា ឧទេន ចូលទៅសេពគប់ពួកហ្មដំរីសុំខ្លួនជាអ្នកបំរើបោសច្រាសរោងដំរីដើម្បីរៀនវិជ្ជាខាងហ្មដំរីចេះស្ទាត់ថ្ងៃមួយព្រះចៅសៀមយាងមកទតរោងដំរីទ្រង់រកឃើញកូននេះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវៀងវៃ មានព្រះបន្ទូលថាក្មេងនេះមកពីណាហ្មដំរីក្រាបទូលតាមដំណើរដោយសព្វគ្រប់ ។ ទ្រង់ពេញព្រះទ័យមានព្រះបន្ទូលប្រាប់ថា មើលក្មេងនេះផង ។កុមារចាប់ដើមតាំងពីថ្ងៃនោះ យកចិត្តទុកដាក់ធ្វើការដោយហ្មត់ចត់បោសប្រមូលអាចម៌ដំរី បំបាត់ឲ្យទៅជាជីដើម្បីយកទៅដាំស្ពៃស្ពៃនោះក៏មានដើមគុម្ពធំបែកចំឡែក អំពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះល្មមដក កុមារ ឧទេនដកយកទៅលាងឲ្យស្អាតរែកទៅថ្វាយព្រះចៅទ្រង់ទតឃើញមានព្រះបន្ទូលថា នែកុមារឯងបានស្ពៃនេះមកពីណាចំឡែកប្លែកពីធម្មតា កុមារក្រាបទូលតាមដំណើរសព្វគ្រប់ព្រះចៅទ្រង់មានរង្វាន់ឲ្យនឹងងារការជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរី ។
ដំរីព្រះទីនាំង ដែលជាកូនមេដំរីជំទាវ ប៉ាលប៉ៃជាទីនាំងដ៏ប្រសើរព្រះចៅរាជាពេលដែលចុះព្រេងមានភរិយាមារយាទខុសប្រក្រតីកាចសាហាវព្រិចហ្មស្លាប់លែងស្តាប់បង្គាប់ មិនមានអ្នកឯណាទៅជិតបានថែមទាំងធ្វើបាបអ្នកស្រុកបោចរោចផ្ទះផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយ ចោលទីលំនៅរៀងខ្លួន។ពួកអ្នកគង្វាលដំរីនាំសេចក្តីទៅក្រាបទូលព្រះចៅទ្រង់ចាត់ការឲ្យស៊ើបសួររកអ្នកណា ដែលអង់អាចក្លាហានហ៊ានទៅចាប់បានមានតែកុមារឧទេនទទួលថា ខ្ញុំហ៊ានទទួលការចាប់ដំរីនោះបានទើបប្រគល់ការទៅកុមារឧទេន តាមសេចក្តីត្រូវការចាត់ការយ៉ាងណាឲ្យតែចាប់បានព្រះទីនាំងនោះ ឧទេនបង្គាប់ឲ្យប្រមូលដំរី៥០០មកដើម្បីរើសយកដំរីណាមួយយកធ្វើធ្នាក់បាន ទើបរើសយកត្រូវមេដំរីសឈ្មោះ ជំទាវប៉ាលប៉ៃ ។ពេលចេញទៅចាប់កុមារ ឧទេនបង្គាប់ឲ្យរៀបចំពិធីបួងសួងសែនព្រេនអ៊ឹកធឹកអ្នកស្រុកផ្អើលមកមើលអឺងកងពាសពេញមីដេរដាស លុះសែនព្រេនរួចកុមា ឧទេនបង្គាប់ឲ្យសែនចេក ៣ ស្និត អំពៅ ៣ បាច់ ។ ពេលទៅដល់ព្រះទីនាំងហាក់ដូចជាចង់ព្រិចបែរទៅក្រាបថ្វាយបង្គំវិញដោយអំណាចនៃតេជៈបារមីនៃឧទេន។ឧទេននិយាយទូន្មានប្រដៅថាទីនាំងឯងតាំងពីថ្ងៃនេះប្រែមារយាទអាក្រក់លះបង់ចេញត្រូវធ្វើស្លូតល្អដូចអំពើដើម រួចឲ្យចេកនិងអំពៅស៊ី ។ឯងទៅតាមយើងតែប៉ុណ្ណោះស្រាប់តែដើរតាមដោយស្រួលឥតមានចាប់ចងអ្វីឡើយ ហាក់ដូចជាហ្មចាស់យូរមក ។
ឧទេនចាប់ដើមតាំងពីថ្ងៃទៅយកព្រះទីនាំងមកព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យនិងប្រទានងារឈ្មោះថា ជ័យអស្ចារ្យជាសេនាខាងទ័ពដំរី ឬខាងទាក់ដំរីព្រៃ រាជការទទួលស្គាល់ខ្លាចអំណាចថាជាអ្នកចេះមោះមុតស្ទាត់ជំនាញខាងហ្មដំរីសូម្បីតែដំរីព្រៃពេលចេញទាក់ម្តងៗមិនចាំមានគ្នាច្រើនប៉ុន្មានក៏ទៅទាក់បានដែរ ហាក់ដូចជាហៅមកបានព្រះចៅទ្រង់ពេញព្រះហឫទ័យ នឹងទុកព្រះហឫទ័យចំពោះ ជ័យអស្ចារ្យប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គ ។
លុះអាយុ១៦ឆ្នាំជ័យអស្ចារ្យភ្នកនឹកសេចក្តីបំណងកាលដែលម្តាយនិយាយប្រាប់អំពីរឿងកំសត់ គ្រោះថ្នាក់គ្រប់យ៉ាងរំពឹងគិតរកឧបាយណាមួយដោះខ្លួនចេញអំពីកណ្តាប់ដៃសៀមហើយទៅស្រុកខ្មែរសោយរាជ្យស្នងព្រះបិតា ។យកមនុស្សអំពីស្រុកសៀមទៅស្រុកខ្មែរវិញនិងទ្រព្យសម្បត្តិមានវិញ្ញាណឥតវិញ្ញាណទៅឲ្យអស់អំពីស្រុកសៀមទៅនៅស្រុកខ្មែរឲ្យបានដូចសេចក្តីបំណង ។
នយោបាយ(របស់ឧទេន) ចាត់ទុកមនុស្ស១៥នាក់ដែលជាមនុស្សទុកចិត្តស្និតស្នាលដូចបងប្អូនបង្កើត ចាត់ការធ្វើជាលនឹងឈើជើងដំរី ។ជាលសំរាប់ច្រកញាត់អាចម៌ដំរីឲ្យណែនទុកឲ្យស្ងួតចាក់រាយតាមស្ទឹងឬផ្លូវឈើជើងដំរីដើរសង្កត់ឲ្យស្នាមដានដូចជាដំរីមែនៗដើម្បីឲ្យអ្នកស្រុកឃើញ នឹងនាំហេតុនោះក្រាបទូលព្រះចៅៗនឹងទ្រង់ចាត់ឲ្យសេនាជ័យអស្ចារ្យទៅតាមទាក់មិនខាននិងពលដែលទៅជាមួយជឿជាក់ក្នុងចិត្តថា ជាដំរីពិតមែនដើម្បីដោះខ្លួនព្រមទាំងពល និងព្រះរាជទ្រព្យទៅស្រុកខ្មែរ ។
ចំណែកអ្នកស្រុកលុះឃើញដានជើងដំរី និងអាចម៌ធំៗដូច្នេះក៏នាំហេតុនោះទៅក្រាបទូលព្រះចៅៗទ្រង់ចាត់ជំរើសឲ្យហៅជ័យអស្ចារ្យ ទៅតាមទាក់ដំរីព្រៃដែលធំនោះ ជ័យអស្ចារ្យក្រាបទូលសូមមេត្តាប្រោស បើទ្រង់សព្វព្រះទ័យចង់បានដំរីធំនោះលុះតែគ្នាច្រើននិងដំរីធ្នាក់ច្រើន ទាំងស្បៀងអាហារក៏ច្រើនមនុស្សដែលទៅតាមទាំងប៉ុន្មានត្រូវស្តាប់បង្គាប់ទូលបង្គំទើបធ្វើការនោះបានហើយពេលចេញទៅសូមមេត្តាអនុញ្ញាតធ្វើពិធីបួងសួងទើបចេញ ។
ព្រះចៅទ្រង់អនុញ្ញាតគ្រប់កន្លែងប្រគល់ការនោះឲ្យជ័យអស្ចារ្យតាមចិត្តធ្វើបែបណាៗស្រេចទៅលើជ័យអស្ចារ្យលុះធ្វើពិធីរួចព្រះចៅប្រទានព្រះខ័នសឹកឲ្យពេញអំណាចបើឈ្មោះណាមិនស្តាប់បង្គាប់ត្រូវតែសម្លាប់បាន ពេលដែលចេញទៅបានចំនួន១៥ថ្ងៃពាក់កណ្តាលផ្លូវមកស្រុកខ្មែរជ័យអស្ចារ្យធ្វើសារទៅក្រាបទូលថាសូមទ្រង់មេត្តាប្រោសទូលបង្គំតាមទាក់ដំរីនោះ កាន់តែឃើញដានគៀកហើយតែអស់ស្បៀងសូមមេត្តាបញ្ជូនមកឲ្យឆាប់ដើម្បីធ្វើការឲ្យបានសម្រេចដូចបំណង ។
ព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសុំដោយរហ័សដោយបំណងចង់បានដំរីនោះ ពេញព្រះហឫទ័យនឹងដំរីនោះមិនគិតអំពីការបង់ខាតដោយព្រះរាជទ្រព្យ ឬសង្ស័យដោយហេតុណាមួយឡើយ ។
ជ័យអស្ចារ្យ លុះបានទទួលស្បៀងពីព្រះចៅ ទៅចំនួន ១៥ ថ្ងៃដល់ស្រុកបាត់ដំបង ដែលជាដីខ្មែរមានមនុស្សអ្នកស្រុកជិតឆ្ងាយមកចុះចូលថ្វាយខ្លួន ជាសេនាពលរដ្ឋព្រមទាំងសេនាចាស់ គឺសេនាអំពីព្រះបិតា ឈ្មោះ មឿងនិងកូនប្រុស៤នាក់បានចូលថ្វាយខ្លួនដែរក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅរាជាបាន ។ (ឧទេន)សរសេរសំបុត្រទៅអញ្ជើញម្តាយឲ្យមកស្រុកខ្មែររួចចងនឹងកូបនាងជំទាវ ប៉ាលប៉ៃឲ្យទៅទទួលម្តាយមេដំរីទៅដល់ទីកន្លែងម្តាយពេលពាក់កណ្តាលអធ្រាត្រ មេដំរីវាយអំពង់៣ ដង ម្តាយភ្ញាក់នឹកស្មានថាកូនខ្លួនមក ដុតភ្លើងបំភ្លឺមើលមិនឃើញហើយឃើញតែសំបុត្រមើលដឹងសេចក្តីសព្វគ្រប់រៀបដំណើរឡើងជិះមេដំរីមកដោយប្រញាប់ បានជួបនឹងកូននៅស្រុកបាត់ដំបង ជ័យអស្ចារ្យតាំងប្រកាសខ្លួនឲ្យដឹងច្បាស់ថា លោកជាព្រះរាជបុត្ររបស់ព្រះចន្ទរាជា គង់នៅបន្ទាយល្វែក បានមកគ្រងរាជ្យស្នងព្រះបិតា ។រឿងនេះមិនបានស្ងាត់ ជ្រាបដល់ព្រះចៅសៀមទ្រង់ព្រះពិរោធក្រោធខ្លាំងពន់ពេក នឹកតូចព្រះហឫទ័យក្រៃលែងទ្រង់ប្រជុំពួកសេនាប្រាប់ថា ជ័យអស្ចារ្យធ្វើនយោបាយបោកបញ្ឆោតយកព្រះខ័នសឹកព្រមទាំងទ្រព្យមានវិញ្ញាណនិងទ្រព្យឥតវិញ្ញាណរត់ទៅស្រុកខ្មែរហេតុនេះត្រូវលើកទ័ពទៅតាមដណ្តើមយកមកវិញឲ្យបាន ហើយចាប់ជ័យអស្ចារ្យ សម្លាប់ឲ្យផុតពូជព្រះ ចន្ទរាជានឹងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ ។
ជ័យអស្ចារ្យបានដំណឹងដឹងច្បាស់ ព្រះចៅឲ្យលើកទ័ពមកតាមដូច្នេះទ្រង់ប្រជុំពួកសេនាបតីមកជំនុំថាឥឡូវសេនាយើងតិចនឹងគ្រឿងអាវុធយុទ្ធភណ្ឌរបស់យើងក៏មានតិចពុំបរិបូណ៌ តើអ្នករាល់គ្នាគិតរកឧបាយបែបណាឲ្យមានជ័យពេលនេះ សេនាទាំងអស់មិនមានអ្នកណាហ៊ានឆ្លើយទទួលធានាអះអាង ។ មានតែសេនា មឿង អាចឆ្លើយទទួលធានាអះអាងរងរាប់ហ៊ានតទល់នឹងទ័ពសៀម ដោយមានឧបាយមួយប្លែកគឺហ៊ានប្លូរជីវិតឲ្យស្លាប់ទៅរកអារ័ក្ខគោល គឺទៅកែនទ័ព្ធខ្មោចធ្វើជាទ័ពច្បាំងនឹងទ័ពសៀម ។ បណ្តាសេនាទាំងអស់មានតែសេនា មឿងប្តូរជីវិតយកឈាមក្រាលផែនដី បង្គាប់ឲ្យជីកដីទំហំ៤ម៉ែត្រ ៤ជ្រុងជម្រៅ៤ម៉ែត្រ រួចដាក់គ្រឿងសាស្ត្រាវុធក្នុងរណ្តៅនោះដើម្បីនឹងលោតឲ្យស្លាប់ក្នុងរណ្តៅ តែនៅពេលមុននឹងលោតសេនា មឿងមានសេចក្តីបង្គាប់ពួកពលរដ្ឋទាំងអស់មកស្តាប់ ពាក្យឱវាទតែងតួស្លៀកពាក់ពេញយស សូមឲ្យអស់លោកខំប្រឹងយកចិត្តទិកដាក់ក្នុងរឿងចម្បាំងក្នុងពេលនេះឲ្យមានជ័យជំនះជួយប្រាង្គផែនដីស្រុកខ្មែរឲ្យរួចពីកណ្តាប់ដៃនៃបច្ចាមិត្ត ចំណែកខ្ញុំធានាឯទ័ពខ្មោចសូមឲ្យអស់លោកសង្ឃឹមទុកថា បើខ្ញុំស្លាប់ទៅបាន៧ថ្ងៃឮសូរសន្ធឹកហ៊ោកញ្ច្រៀវ បីដូចជាសំលេងផ្គរលាន់ យើងមានជ័យហើយ ។លុះផ្តាំរួចហើយលោតចុះក្នុងរណ្តៅ ។ប្រពន្ធឃើញប្តីលោតដូច្នេះក៏លោតទៅជាមួយប្តី ព្រមទាំងកូនប្រុស ៤នាក់ ស្លាប់ទៅជាមួយគ្នា ដល់ថ្ងៃជាគម្រប់៧លាន់ឮសូរសន្ធឹកដូចជាកាលផ្តាំមែន ។
ទ័ពសៀមចូលមកដល់បាត់ដំបង ឆ្លងចូលមកដល់អូខា សព្វថ្ងៃគេហៅថាស្វាយដូនកែវ ជួបគ្នានឹងទ័ពជ័យអស្ចារ្យមានទ័ពខ្មោចចេញទៅមុខសំដែងរិទ្ធិធ្វើជាខ្យល់បំពុលទ័ពសៀមវិលមុខចុកពោះ ចុះក្អួតដួលដោយខ្លួនឯងទ័ពមនុស្សចូលទៅកាប់សម្លាប់អស់ ពួកកងទ័ពសៀមរកឧបាយមិនឃើញថយទៅដល់បាត់ដំបង នាំសារទៅថ្វាយព្រះចៅតាមសេចក្តីសព្វគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យថយទ័ពត្រឡប់ទៅស្រុកសៀមវិញ ។
ចំណែកពួកកងទ័ព ជ័យអស្ចារ្យ នាំគ្នាត្រឡប់មកកាន់កន្លែងបន្ទាយវិញសព្វថ្ងៃគេហៅថាបន្ទាយជ័យ ចាប់ដើមតាំងពីពេលនោះមកព្រះជ័យអស្ចារ្យបានអភិសេកសោយរាជ្យ ថ្វាយនាមថា ព្រះជ័យចេស្តាព្រះចៅក្រុងកម្ពុជាធិបតី គង់នៅបន្ទាយជ័យចាប់ដើមតាំងពីថ្ងៃដែលសោយរាជ្យ ពួកសេនាបតីនិង ព្រះជ័យចេស្តានឹកដល់គុណូបការៈសេនា មឿង ដែលមានគុណជួយយកឈាមក្រាលផែនដីឲ្យបានស្រុកខ្មែររួចជាអ្នកជាតាំងធ្វើបុណ្យឧទ្ទិសផលបញ្ជូនចំពោះដួងព្រះព្រលឹងវិញ្ញាណខន្ធរបស់សេនា មឿង ជាឱឡារឹកអឹកអធឹកអស្ចារ្យជាប់ជាទំនៀមដ៏រាបមកសព្វថ្ងៃនេះ ហៅថា អ្នកតាឃ្លាំងមឿង ។
រឿងប្រវត្តិ អ្នកតាឃ្លាំងមឿង សួរលោកគ្រូចៅអធិការ វត្តលួងព្រះនាមសួស សួន ព្រះជន្មាយុ ៦១ ឃុំផ្សារលើ ស្រុកបាកាន ខេត្តពោធិសាត់ › ។ (ម.ត្រាណេ)
(តាមឯកសារក្រុមជំនុំទំនៀមទម្លាប់ស្រុកខ្មែរលេខ៥៦.០៥៦ របស់ព្រះភិក្ខុសួស សួន ឃុំផ្សារលើ ស្រុកបាកាន ខេត្តពោធិសាត់ថ្ងៃទី១៨.០៦.១៩៤៩) ។ (ម.ត្រាណេ)






Leave a Comment
Comments (0)